​នាយករដ្ឋមន្ត្រី​ជំរុញ​ក្រសួង​ធ្វើ​ច្បាប់​អធិការកិច្ច​ ឱ្យ​ចេញ​ជា​រូបរាង​នៅ​ឆ្នាំនេះ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អធិការកិច្ច​ ​ថ្លែង​របាយការណ៍​ជូន​លោក​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២​០​២​៣​ ​កាល​ពីម្សិលមិញ​។​ ​ ខ្មែរ​ថា​ម​ស៍​៖​ ខឹ​ម​ សុ​វណ្ណា​រ៉ា​

​លោក​​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជំរុញ​ក្រសួង​អធិការកិច្ច​ពន្លឿន​ការរៀបចំ​ច្បាប់​ស្ដីពី​អធិការកិច្ច​ឱ្យ​បាន​រួចរាល់​នៅ​ក្នុងឆ្នាំនេះ​ ​ព្រោះ​វា​​ជា​ច្បាប់​គោល​សម្រាប់​មន្ត្រី​ជំនាញ​អធិការកិច្ច​របស់​​​ក្រសួង​ស្ថាប័ន​យកទៅ​អនុវត្ត​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​។​

​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ពីម្សិលមិញ​បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធ​ការងារ​ប្រចាំ​ឆ្នាំ​២​០​២​៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​៤​ ​របស់​​​ក្រសួង​អធិការកិច្ច​។​

​លោក​ថ្លែង​ថា​ ​រដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំនេះ​ ​ជា​ឆ្នាំ​ពង្រឹង​ស្ថាប័នរដ្ឋ​ទាំងអស់​តាមរយៈ​​កំណែ​ទម្រង់​រចនា​ស​ម្ព័ន្ធ​ផ្ទៃក្នុង​របស់​ខ្លួន​លើ​តួ​នាទី​ ​ភារកិច្ច​ ​និង​យន្ត​ការ​របស់​រដ្ឋាភិបាល​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ក្រសួង​ ​ដើម្បី​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ការងារ​។​

​លោក​ថា​ ​កិច្ចការ​អធិការកិច្ច​ ​ជា​កិច្ច​ការសំខាន់​។​ ​វា​ជា​យន្ត​ការ​អធិការកិច្ច​របស់​រដ្ឋាភិបាល​សម្រាប់​ការ​តាមដាន​ ​ត្រួត​ពិនិត្យ​ ​និង​វាយ​តម្លៃ​ក្រសួង​ស្ថាប័ន​នីមួយៗ​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការងារ​។​ ​ដូច្នេះ​ការ​ពង្រឹង​អធិការកិច្ច​ ​ជា​កិច្ច​ការចាំបាច់​សម្រាប់​ការ​សម្រេច​អភិក្រម​ ​ដែល​ជា​ស្នូល​របស់​រដ្ឋាភិបាល​ធានា​ប្រសិទ្ធ​ភាព​ ​ស្អាតស្អំ​ ​និង​ភាព​ជឿ​ទុក​ចិត្ត​។​

​លោក​ប្រាប់​ក្រសួង​ស្ថាប័ន​ទាំងអស់​កុំ​ចាត់​ទុក​ការងារ​អធិការកិច្ច​ជា​ការងារ​ចុះ​ចាប់​កំហុស​។​ ​កិច្ចការ​ងារ​សវនកម្ម​និង​អធិការកិច្ច​ ​ជា​ការចាំបាច់​ណាស់​សម្រាប់​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​។​ ​ជាទូទៅ​ ​កិច្ចការ​ងារ​នេះ​ត្រូវ​ចុះ​ស្រាវជ្រាវ​ដើម្បី​កែ​លម្អ​ស្ថាប័ន​។​

​លោក​​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មាន​អាជ្ញាធរ​សវនកម្ម​ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្រសួង​អធិការកិច្ច​ ​និង​ក្រសួង​មុខងារ​សាធារណៈ​ ​ជា​ស្ថាប័ន​ថ្នាក់​ជាតិ​ដែល​មាន​សិទ្ធិ​ធ្វើ​សវនកម្ម​និង​អធិការ​កិច្ច​លើ​គ្រប់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​។​

​លោក​ថា​ ​នៅពេល​ដែល​ស្ថាប័ន​ធ្វើ​សវនា​កម្ម​និង​អធិការកិច្ច​មាន​សហការ​គ្នា​បាន​ល្អ​ ​គឺ​អាច​ជួយ​រៀបចំ​ជា​ស្ដង់​ដា​សម្រាប់​ការ​អនុវត្ត​។​

​លោក​បន្ថែម​ថា​ ​កិច្ចការ​អធិការកិច្ច​មាន​ភាព​ស្មុគ​ស្មាញ​ ​ដែល​ទាមទារ​ការ​កសាង​សមត្ថភាព​និង​លក្ខណសម្បត្តិ​ចំនួន​បី​ ​គឺ​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ ​របៀប​របប​អនុវត្ត​ការងារ​ ​និង​បទដ្ឋាន​គតិ​យុត្តិ​។​

​លោក​បាន​ណែនាំ​ដល់​ក្រសួង​អធិការកិច្ច​បង្កើត​យន្ត​ការ​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​តាមរយៈ​ការ​ធ្វើ​អធិការកិច្ច​និង​ការ​ធ្វើ​សន​វ​កម្ម​ផ្សេងៗ​នៅ​តាម​ក្រសួង​ស្ថាប័ន​ ​ប៉ុន្តែ​ក៏​ត្រូវ​ត្រួត​ពិនិត្យ​ឡើងវិញ​ចំពោះ​យន្ត​ការ​អនុវត្ត​អធិការកិច្ច​កុំ​ឱ្យ​ជាន់​តួនាទី​និង​ភារកិច្ច​គ្នា​។​

​លោក​និយាយ​ថា​៖​ ​«​ខ្ញុំ​ណែនាំ​ក្រសួង​អធិការកិច្ច​ត្រូវ​ជំរុញ​ច្បាប់​អធិការកិច្ច​ចេញ​ឱ្យ​បាន​លឿន​នៅ​ឆ្នាំ​២០២៤​នេះ​ ​ដើម្បី​យក​ច្បាប់​នេះ​ធ្វើជា​គោល​សម្រាប់​ជំនាញ​យក​ទៅ​អនុវត្ត​ការងារ​ ​ព្រោះ​ជំនាញ​អធិការកិច្ច​របស់យើង​តាម​ក្រសួង​ស្ថាប័ន​មិន​មាន​អ្វី​ជាគោល​រួម​ទេ​។​ ​ពួក​​គាត់​អនុវត្ត​ដោយ​ផ្អែក​តាម​ជំនាញ​រៀងៗខ្លួន​ ​ហើយ​អនុវត្ត​ទាំង​ភិតភ័យ​ ​ព្រោះ​មិន​មាន​អ្វី​ជាគោល​»​។​

​លោក​ជឿជាក់​ថា​៖​ ​«​ក្រោយ​​ពី​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ ​គឺ​អាច​ដោះស្រាយបញ្ហា​រដ្ឋា​ភិបាល​បាន​ច្រើន​ ​មិនថា​ការ​បែងចែក​តួនាទី​ ​ភារកិច្ច​ ​និង​ការកំណត់​ទិសដៅ​ផ្សេងៗ​»​។​

​លោក​​រំពឹង​ថា​ ​នៅ​ឆ្នាំនេះ​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋ​មិន​ផ្អែកលើ​បុគ្គល​ទៀត​ទេ​ ​គឺ​ផ្អែកលើ​ប្រព័ន្ធ​ការ​ងា​ដែល​មាន​ស្តង់​ដារ​ប្រតិបត្តិ​មួយ​ដែល​មានការ​ឯកភាព​គ្នា​ទៅ​លើ​ច្បាប់​និង​ផ្អែក​ទៅលើ​បទដ្ឋាន​ការងារ​ដែល​មាន​និរន្តរភាព​។​

​ក្រសួង​អធិការកិច្ច​បង្កើត​ឡើង​ដើម្បី​តាមដាន​ការ​អនុវត្ត​ការងារ​ ​និង​ច្បាប់​នានា​ ​ជាពិសេស​ការ​លុបបំបាត់​ការ​កិប​កេង​ថវិកា​និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ​រួម​ទាំង​អំពើពុករលួយ​ជាដើម​។​

​លោក​ ​ណុប​ ​ចាន់ណា​រិន្ទ ​អ្នកនាំពាក្យ​ក្រសួង​អធិការកិច្ច​មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​បានទេ​ពីម្សិលមិញ​ ​ដោយ​គាត់​និយាយ​ថា​កំពុង​ជាប់រវល់​ការងារ​​បន្ទាន់​។​

​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អធិការកិច្ច​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធ​ការងារ​ពី​ម្សិលមិញ​ថា​ ​មេដឹកនាំ​តាម​ក្រសួង​និង​អង្គភាព​មួយ​បាន​លាក់បាំង​ការពិត​ចំពោះ​រដ្ឋាភិបាល​ ​ជាពិសេស​ពួក​គេ​ស្វែងរក​អន្តរាគមន៍​នានា​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ដែល​មានអំណាច​នៅ​ពេល​ពួក​គេ​ត្រូវ​រង​ការ​ធ្វើ​អធិការកិច្ច​។​

​លោក​ថា​៖​ ​«​អង្គ​សន្និបាត​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ដែល​ក្នុងចំណោម​នោះ​ពាក់ព័ន្ធ​នឹង​ទ​ស្សនៈ​ខុសឆ្គង​មួយ​ចំនួន​លើ​ការងារ​អធិការកិច្ច​ ​ដែល​ក្រុម​ការងារ​រង​ការ​អធិការកិច្ច​យល់​ដោយ​ភ័ន្ត​ច្រឡំ​ថា​ការ​ធ្វើ​អធិការកិច្ច​ ​ទី​១​ចាំតែ​ចាប់​កំហុស​ ​ទី​២​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គភាព​ខ្លួន​ ​ទី​៣​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ ​និង​ទី​៤​ធ​្វើ​ឱ្យ​រំខាន​ដល់​ការងារ​របស់​អង្គភាព​»​។​

​លោក​​សង្កត់ធ្ងន់​ថា​ ​ការងារ​អធិការកិច្ច​របស់​​​ក្រសួង​រយៈពេល​មួយ​ឆ្នាំ​មកនេះ​បាន​ជួយ​កែតម្រូវ​និង​ផ្លាស់ប្តូរ​ឥរិយាបថ​ម​ន្រ្តី​សាធារណៈ​មួយ​ចំនួន​ដែល​ពុំទាន់​អនុវត្ត​តួនាទី​និង​ភារកិច្ច​បាន​ល្អ​។​ ​លើស​ពី​នេះ​ ​ក្រសួង​បាន​ដាស់​តឿន​និង​ក្រើន​រំលឹក​ពួកគេ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ការទទួល​ខុស​ត្រូវ​ប្រកប​ដោយ​មន​សិកា​និង​វិជ្ជាជីវៈ​។​

​លោក​ ​សេក​ ​សុជាតិ​ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការស្រាវជ្រាវ​ ​យល់ឃើញ​ថា​ ​ការ​មានច្បាប់​ជាគោល​សម្រាប់​ក្រសួង​ស្ថាប័ន​អនុវត្ត​ជា​រួម​ ​នោះ​ការ​អនុវត្ត​ការងារ​នឹង​ដំណើរការ​ដោយ​រលូន​និង​មិន​មាន​បញ្ហា​ប៉ះពាល់​អ្វី​ទេ​។​

​លោក​ថា​ ​ការ​អនុវត្ត​ការងារ​ជាទូទៅ​ ​គឺ​ផ្ដោ​ត​សំខាន់​លើ​ឆន្ទៈ​ ​ហើយនិង​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​ហ៊ាន​បង្ហាញ​លទ្ធផល​ពិតជា​សាធារណៈ​ក្នុង​ក​ម្រិ​ត​ណា​ចំពោះ​ការ​ធ្វើ​អធិការកិច្ច​រក​ឃើញ​មន្ត្រី​របស់​ខ្លួន​បាន​ប្រព្រឹត្ត​ខុសឆ្គង​។​

​លោ​ក​និយាយ​ថា​៖​ ​«​ប្រសិនបើ​ការ​បង្ហាញ​ជា​សាធារណៈ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបភាព​នៃ​ការ​​​ដឹកនាំ​របស់​គាត់​ ​នៅ​ពេល​មន្ត្រី​របស់​គាត់​មាន​បញ្ហា​ ​ហើយ​គាត់​មិន​ហ៊ាន​ដោះស្រាយ​មិន​ហ៊ាន​ដោះស្រាយ​ ​ជា​រឿង​មួយ​ដែល​យើង​ពិ​បា​តនឹង​វាយ​តម្លៃ​ណាស់​ ​ព្រោះ​ក្នុង​ការ​អនុ​ត្ត​កន្លងមក​ ​គឺ​រដ្ឋា​បាល​ខ្លាច​ប៉ះពាល់​ឬ​ខូច​មុខមាត់​នៅ​ពេល​ញ​គេ​រក​ឃើញ​មន្ត្រី​របស់​គាត់​មាន​កំហុស​ឆ្គង​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​ការងារ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​យើង​គួរ​អនុវត្ត​ដោយ​តម្លា​ភាព​ ​យុត្តិធម៌​ ​ហើយ​យើង​ផ្សព្វផ្សាយ​អំពី​លទ្ធផលជាក់​ស្ដែង​ដែល​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​អំពើ​អសកម្ម​ ​ឬក៏​អំពើ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​អនុវត្ត​​ច្បាប់​។​ ​ដូច្នេះ​យើង​គិតថា​ការ​តាំងចិត្ត​ដាក់​ចេញ​នូវ​គោលការណ៍​ដាច់​ណាត់​ដោយ​មិន​ភ័យ​ក្នុង​ការ​លុបបំបាត់​ចោល​ភាព​អវិជ្ជមាន​របស់​មន្ត្រី​ ​គឺ​យើង​អនុវត្ត​បាន​»​។​

​លោកបាន​បន្ត​​ថា​ ​លោក​គ្មាន​ទំនុក​​ចិត្ត​ខ្ពស់​ទេ​ចំពោះ​ការ​បើក​ទូលាយ​លើ​ការ​អនុវត្ត​ ​ក៏ដូចជា​ការ​ប្រកាស​លទ្ធផល​ក្រោយ​ការ​ស៊ើបអង្កេត​ឬ​ធ្វើ​អធិការកិច្ច​រក​ឃើញ​៕​​

Related Posts

Previous Article

កម្ពុជា​ជំរុញ​ការនាំចេញ​អង្ករ​បាន​២​៥​%​ដល់​៤​៦​.​២​២​១​តោន​ក្នុង​ខែ​មករា​

Next Article

​គណបក្ស​៤​ ​ដាក់​ភ្នាក់ងារ​សង្កេតមើល​ដំណើរ​ការបោះឆ្នោត​សមាជិកព្រឹទ្ធសភា​ជាង​២​២​០​នាក់​