​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចុះបញ្ជី​ដី​រដ្ឋ​ ​និង​ឯកជន​ចាប់ពី​តំបន់ ​១​ ​ដល់​តំបន់​ ៣​ ​នៃ​តំបន់​ទន្លេសាប​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
រូបភាពតំបន់ជុំវិញបឹងទន្លេសាបថតពីលើអាកាស​។ រូបភាព៖ អាជ្ញាធរទន្លេសាប

​រដ្ឋាភិបាល​ចេញ​សេចក្ដី​សម្រេច​បង្កើត​ ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ ​ដើម្បី​ពន្លឿន​ក្នុង​ការ​ចុះ​បញ្ជី​ដី​តំបន់​ទន្លេសាប​ទាំង​ដី​របស់​រដ្ឋ​ ​និង​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័​ស​ ​ត្រឹមត្រូវ​ ​និង​មាន​ប្រសិទ្ធ​ភាព​។​

​ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃអង្គារ​បញ្ជាក់​ថា​ ​គណៈកម្មការ​មាន​ភារកិច្ច​ ​និង​តួនាទី​ដឹកនាំ​ ​និង​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ទាំង​ដី​រដ្ឋ​ ​ឯកជន​ ​និង​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ព្រំប្រទល់​តំបន់​១​ ​តំបន់​២​ ​និង​តំបន់​៣​ ​នៃ​តំបន់​ទន្លេសាប​។​

​គណៈកម្មការ​ខាងលើ​ក៏មាន​តួនាទី​ ​និង​ភារកិច្ច​ដឹកនាំ​បោះបង្គោល​ព្រំដែន​ព្រៃលិចទឹក​ (​តំបន់​៣​) ​ចាត់វិធានការ​ទប់​ស្កាត់​ ​និង​បង្ក្រាប​ការ​ចូល​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ ​រៀបចំ​របាយការណ៍​លទ្ធផល​ការងារ​ជូន​រដ្ឋាភិបាល​ ​និង​អនុវត្ត​ភារកិច្ច​ផ្សេងទៀត​តាម​ការ​ប្រគល់​ជូន​របស់​រដ្ឋាភិបាល​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​គណៈកម្មការ​មាន​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ជា​ប្រធាន​ ​និង​អនុប្រធាន​ ​៤​នាក់​ ​រួម​មាន​លោក​ ​ថោ​ ​ជេដ្ឋា​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​លោក​ ឌិ​ត​ ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​និង​មន្ត្រី​តំណាង​ក្រសួងមហាផ្ទៃ​។​

​លោក​បន្ថែម​ថា​ ​គណៈកម្មការ​មាន​សមាជិក​ចំនួន​១​០​នាក់​ ​ដែល​មកពី​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​តំណាង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​តំណាង​ក្រសួង​អធិការកិច្ច​ ​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​និង​តំណាង​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​ជុំវិញ​តំបន់​ទន្លេសាប​។​

​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​តំណាង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង​ ​ព្រមទាំង​អភិបាល​ខេត្ត​ជុំវិញ​តំបន់​ទន្លេសាប​។​

​លោក​បន្ត​ថា​ ​គណៈកម្មការ​ខាងលើ​នេះ​ ​មាន​លេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ​ ​ដែល​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​និង​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​។​

​លេខាធិការដ្ឋាន​ត្រូវ​បង្កើត​ឡើង​ដោយ​សេចក្ដី​សម្រេច​របស់​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់។​ ​គណៈកម្មការ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​​​ក្រសួង​ ​ដើម្បី​បំ​ពេញការ​ងារ​របស់​ខ្លួន​។​

​លោក​ ​ហ៊ែ​ល​ តូ​នី​ ​អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម​ ​នៃ​អាជ្ញាធរ​ទន្លេសាប​ ​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​បច្ចុប្បន្ន​អាជ្ញាធរ​ទន្លេសាប​ ​បាន​ពិភាក្សា​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ដើម្បី​ផ្ទៀងផ្ទាត់​និង​ពិនិត្យ​លើ​ទិន្នន័យ​ព័ត៌មាន​ដែល​មានស្រាប់​ ​និង​ទិន្នន័យ​ក្រោយ​ពី​កាត់​ដី​មួយ​ចំនួន​ចេញពី​តំបន់​៣​ ​ចូល​តំបន់​២​ ​និង​ចូល​តំបន់​១​ ​និង​កាត់ចេញ​ពី​តំបន់​២​ ​ចូល​តំបន់​១​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​អាជ្ញាធរ​ទន្លេសាប​ ​បាន​និង​កំពុង​ស​ម្អា​ត​ទៅលើ​ផែនទី​តំបន់​ទន្លេសាប​ ​ដើម្បី​កំណត់​ចេញ​ជា​ផែនទី​ ​និង​និយាមកា​រ​សម្រាប់​វិនិច្ឆ័យ​ភាព​ត្រឹមត្រូវ​ជាមុន​សិន​ ​មុន​ឈាន​ទៅ​បោះបង្គោល​។​

​លោក​បន្ត​ថា​ ​ចំពោះ​ផែនទី​ក្នុង​តំបន់​ទន្លេសាប​ ​គ្រោង​បោះពុម្ព​ចេញផ្សាយ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​ ​ព្រោះ​ការងារ​នេះ​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​រួច​រាល់​ហើយ​ ​ហើយ​កំពុង​ពិនិត្យ​ទិន្នន័យ​ ​ដើម្បី​ធានា​នូវ​ភាព​ច្បាស់លាស់​ ​ត្រឹមត្រូវ​ ​និង​សុ​ក្រឹត្យ​ភាព​។​

​លោក​ ​ហ៊ែ​ល​ តូ​នី​ ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មិនទាន់​អាច​បញ្ជាក់​ពី​ទំហំដី​តំបន់​៣​ ​ដែល​នៅ​សេសសល់​ចំនួន​ប៉ុន្មាន​ហិកតា​នៅ​ឡើ​ទេ​ ​ព្រោះ​ទិន្នន័យ​តំបន់​នីមួយៗ​ត្រូវ​ការ​ឆ្លង​ថ្នាក់​ដឹកនាំ​កំពូល​ ​ជាពិសេស​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​ថ្នាក់​ដឹកនាំ​អន្តរ​ក្រសួង​ពាក់ព័ន្ធ​។​

​លោក​បន្ថែម​ថា​៖​ ​«​យើង​​អាច​បញ្ជាក់​ពី​ផ្ទៃដី​តំបន់​៣​ ​ដែល​នៅ​សេសសល់​ទំហំ​ប៉ុន្មាន​ហិកតា​នោះ​ ​គឺ​អាច​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មីនា​ ​ឬ​ខែ​មេសា​ ​ខាងមុខនេះ​ ​ព្រោះ​ត្រូវ​ការ​ឆ្លង​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ជាមុន​សិន​»​។​

​លោក​ ​ស៊ុន​ សុ​វណ្ណា​រិទ្ធិ​ ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ ​លើក​ឡើង​ថា​ ​បើ​នៅតែ​បន្ត​ឱ្យ​ដី​ព្រៃលិចទឹក​តំបន់​៣​ ​បន្ត​រង​ការ​កាប់​បំផ្លាញ​ពី​ជន​ខិលខូច​ទៀត​នោះ​ ​នឹង​បាត់បង់​ត្រី​ក្នុង​បឹង​ទន្លេ​សាប​ ​និង​ព្រៃលិចទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ទាំង​មូល​។​

​លោក​បន្ថែម​ថា​ ​ការ​ដក​ដី​ព្រៃលិចទឹក​ដែល​កាន់កាប់​ដោយ​ខុស​ច្បាប់​ ​ដើម្បី​ដាំ​ដើមឈើ​ជា​ជម្រក​ត្រី​ពង​កូន​ ​និង​រក្សា​ជា​ជីវៈ​ចម្រុះ​ ​សម្រាប់​ជា​ប្រយោជន៍​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ជាពិសេស​អ្នក​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​អភិ​រក្ស​បឹង​ទន្លេសាប​ ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចុះបញ្ជី​ដី​ទាំងអស់​ជា​ប្រព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​ ​និង​ត្រឹមត្រូវ​។​

​លោក​បន្ថែម​ថា​ ​ក្រោយ​ការ​ចុះបញ្ជី​ដី​ចប់​សព្វគ្រប់​ ​អាជ្ញាធរ​ទន្លេសាប​ ​ត្រូវ​រៀបចំ​គូស​ផែនទី​ ​និង​បោះបង្គោល​ឡើងវិញ​ ​ព្រោះ​តំបន់​១​ ​តំបន់​២​ ​និង​តំបន់​៣​ ​ត្រូវ​បាន​កែប្រែ​។​ ​ក្រោយ​គូស​ផែនទី​ ​និង​បោះបង្គោល​រួចរាល់​ ​ត្រូវ​ដាក់​បញ្ជូន​ក្នុង​ប្រព័ន្ធ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​។​

​អនុ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​១​ ​រដ្ឋា​ភិបាល​បាន​កំណត់​ដែន​ព្រៃលិចទឹក​ (​តំបន់​៣​) ​មាន​ទំហំផ្ទៃ​ដី​សរុប​ចំនួន​ ​៦​៤​៧​,​៤​០​៦​ ​ហិកតា​ ​និង​បោះបង្គោល​កំណត់​ព្រំប្រទល់​ព្រៃលិចទឹក​តំបន់​៣​ ​មាន​ចំនួន​ ​៨​០​២​ ​បង្គោល​ ​ស្ថិត​ក្នុង​ភូមិ​សា​ស្រ្ត​ខេត្ត​ទាំង​៦​ ​ជុំវិញ​បឹង​ទន្លេសាប​៕​​

Related Posts

Previous Article

​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​ជំរុញ​ពលរដ្ឋ​ឱ្យ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​លើ​វិ​ស័​យ​ឧស្សាហកម្ម​និង​សេវាកម្ម​

Next Article

កម្ពុជា​ត្រូវការ​វិទ្យាស្ថាន-សារមន្ទីរ​ស្តីអំពី​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍មួយ៖ ការ​បង្កើត​​វិទ្យាស្ថាន​ស្លឹក​រឹតនឹង​បំពេញ​នូវ​តម្រូវការ​នេះ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត